Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋក្រុងបូកគោចំនួន ៩៦គ្រួសារ​ដែលរងគ្រោះ​ដោយសារខ្យល់​កន្ត្រាក់​ទទួល​អំណោយ​មនុស្សធម៌​ពីកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍​គណៈកម្មា​ធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈ​កម្មាធិការសាខា បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនពលរដ្ឋចំនួន ៩៦គ្រួសារ ក្នុងសង្កាត់​ចំនួនពីរ គឺសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលពិធីនេះធ្វើឡើងក្នុងសាលាសង្កាត់ព្រែកត្នោត។

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំមកនូវការ​ផ្តាំផ្ញើសាក​សួរសុខទុក្ខពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ព្រមទាំងបាន​សំដែង​នូវការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៩៦គ្រួសារ ដែលបានទទួលរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិខ្យល់កន្ត្រាក់នាពេលនេះ។ លោកជំទាវ បានបន្តថា ក្រោមការចង្អុលបង្ហាញពីសំណាក់​សម្តេចគតិ​ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺសម្តេចតែងតែជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសសាខាកាកបាទក្រហមកម្ពុជាគ្រប់រាជធានី-ខេត្ត ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការ​ជួយ​សង្គ្រោះ និងផ្តល់នូវជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយ​កូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមាន​កាកបាទក្រហមកម្ពុជា។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍បានបន្តថា គ្រោះថ្នាក់ធម្មជាតិដែលកើតមានឡើងនាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីការបំរែបម្រួលអាកាសធាតុ ដែលបង្កឱ្យកើតមានជាខ្យល់កន្ត្រាក់ ភ្លៀង ផ្គររន្ទះ និងកើនកំដៅជាដើម។ ក្នុងឱកាសនោះដែរ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ហើយពិសេសក្នុងរដូវនេះគឺជារដូវក្តៅ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យផងដែរ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។

អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ទាំង ៩៦គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស និងថវិកា ៥ម៉ឺនរៀល ចំណែកឯគ្រួសាររងធ្ងន់ធ្ងរចំនួន ៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ កៅស៊ូតង់១ដុំ និងថវិកា ២០ម៉ឺនរៀល៕

អត្ថបទ៖ សុធារម្យ

















Post a Comment

0 Comments