Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រយៈពេលបីថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពត​មាន​ភ្ញៀវ​ទេសចរ​ជាង ៨៦ម៉ឺន​នាក់​បាន​មក​សម្រាក​កម្សាន្ត

រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតទទួលបានភ្ញៀវទេសចរមកសម្រាកកម្សាន្តសរុបជាង ៨៦ម៉ឺននាក់។ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣នេះ ខេត្តកំពតបានរៀបចំព្រឹត្តិការណ៍ទាក់ទាញជាច្រើនដើម្បីបង្កភាពសប្បាយរីករាយជូនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត។

ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា សម្រាប់រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកំពតមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ពិសេសកម្មវិធី “កំពតសង្ក្រាន្ត” ដែលមានការលេងល្បែងប្រជាប្រិយ ការតាំងពិពរណ៌ភូមិ១ផលិតផល១ ការដាក់តាំងនំខ្មែរថែវប្បធម៌ នៅសួនច្បារមាត់ព្រែកមុខសាលាខេត្ត និងតំបន់ត្រជាក់ចិត្តនៅរង្វង់មូលទុរេន។

លោកប្រធានមន្ទីរបានបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរ ភ្ញៀវទេសចរអញ្ជើញមកសម្រាកកំសាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទាក់ទាញទេសចរណ៍ និងប្រជាពលរដ្ឋចូលរួមព្រឹត្តិការណ៍ “កំពតសង្រ្កាន្ត” ថ្ងៃទី១ សរុបចំនួន ៩៤,៥៦៧នាក់ ក្នុងនោះអន្តរជាតិ ៧៧៧នាក់, ថ្ងៃទី២ សរុបចំនួន ៤០២,៤៤២នាក់ ក្នុងនោះអន្តរជាតិ ១,៦១៦នាក់ និងថ្ងៃទី៣ សរុបចំនួន ៣៦៩,៥៦៧នាក់ ក្នុងនោះអន្តរជាតិ ១,៣៤០នាក់ ដែលសរុបរួមទាំងបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួន ៨៦៦,៦៦៦នាក់ ក្នុងនោះអន្តរជាតិមានចំនួន ៣,៧៣៣នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមទៀតថា ចូលថ្មីឆ្នាំនេះ ពិតជារីករាយ និងអធិកអធមក្រៃលែង ហើយខេត្តកំពត ក្រោមការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អាចឆ្លើយតបបានល្អប្រសើរគ្រប់យ៉ាង ទាំងសន្តិសុខសណ្តាប់ធ្នាប់  សេវាទេសចរណ៍ផ្សេងៗ ដោយមិនមានការតម្លើងតម្លៃណាមួយដែលធ្វើឱ្យភ្ញៀវទេសចរមិនពេញចិត្តនោះទេ ទាំងសេវាស្នាក់នៅ សេវាម្ហូបអាហារ ពិសេសគ្រឿងសមុទ្រតែម្តង៕

អត្ថបទ៖ សុធារម្យ














Post a Comment

0 Comments