Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពិព័រណ៍ “នំខ្មែរថែវប្បធម៌” ទទួលបានការនិយម និងគាំទ្រ​ច្រើន​ពីភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ

ភ្ញៀវទេសចរមកដើរលេងកម្សាន្តក្មុងកម្មវិធី “កំពតសង្ក្រាន្ត” បានបញ្ជាក់ថា កម្មវិធីឆ្នាំនេះរៀបចំបានស្អាត ភ្ញៀវទេសចរមកដើរលេងច្រើន សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យល្អបរិស្ថានល្អ។ និយាយដោយឡែក ពិព័រណ៍នំខ្មែរថែវប្បធម៌ គឺជាកម្មវិធីមួយដែលគួរឱ្យចាប់អារម្មណ៍បំផុត ព្រោះនៅក្នុងពិព័រណ៍នេះ មានដាក់តាំងបង្ហាញ និងលក់នំបុរាណខ្មែរ ដែលធ្វើផ្ទាល់ដៃរបស់បងប្អូនពលរដ្ឋខេត្តកំពត មានរស់ជាតិឆ្ងាញ់ និងលក់ក្នុងតម្លៃថោក ដើម្បីឱ្យអ្នកមកទស្សនាបានភ្លក់រស់ជាតិ។ ហើយតាមរយៈពិព័រណ៍នេះ ក៏បានបង្ហាញដល់ភ្ញៀវទេសចរ និងក្មេងៗជំនាន់ក្រោយឱ្យបានស្គាល់ប្រភេទនំប្រពៃណីខ្មែរ ដែលមានជាយូរលង់ណាស់មកហើយ។

ចំណែកអ្នកស្រី ឆវី ជាអ្នកធ្វើនំមកពីស្រុកដងទង់ បានបង្ហាញអំពីសេចក្តីសប្បាយរីករាយរបស់ខ្លួនថា អ្នកស្រីពិតជាអរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ដែលមានគំនិតផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង ហើយបានផ្តល់នូវដើមទុនទាំងអស់ដល់ប្រជាពលរដ្ឋដែលចូលរួមធ្វើនំលក់ ដើម្បីបានប្រាក់ចំណូលផង និងបានចូលរួមកម្សាន្តសប្បាយក្នុងពិធី “កំពតសង្ក្រាន្ត” ផង ។ ចំណែកឯកការលក់នំវិញ គឺលក់ក្នុងតម្លៃពាក់កណ្តាលនៃតម្លៃលក់នៅលើទីផ្សារ។

ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១ ភ្ញៀវទេសចរបានមកលេងខេត្តកំពត ប្រមាណជិត ១០ម៉ឺននាក់ ចំពោះស្ថានភាពទូទៅមានភាពល្អប្រសើរ ពលរដ្ឋ និងភ្ញៀវទេសចរមានទឹកមុខសប្បាយរីករាយ ហើយសេវាម្ហូអាហារ និងសេវាស្នាក់នៅគ្មានការតម្លើងថ្លៃនោះទេ ពិសេសពិព័រណ៍នំខ្មែរថែវប្បធម៌ គឺទទួលបានការនិយមគាំទ្រច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកប្រធានមន្ទីរក៏បានសូមអំពាវនាវដល់ភ្ញៀវទេសចរ អាជីវករទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង់កាកសំណល់ ពិសេសសំរាម សូមប្រមូលដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីធានាថា មុនពេលកម្មវិធី ពេលកម្មវិធី និងក្រោយកម្មវិធីបុណ្យចូលឆ្នាំថ្មីចប់ ខេត្តកំពតនៅតែរក្សាបាននូវបរិស្ថានអនាម័យស្អាត់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments