Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២១៧គ្រួសារនៅស្រុកអង្គរជ័យ ទទួលអំណោយកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២១៧គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកអង្គរជ័យ ខេត្តកំពត កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាហើយ។ 

នៅរសៀលថ្ងៃពុធ ទី០៥  ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត  រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិការ គណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន  បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២១៧គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកអង្គរជ័យ (រងគ្រោះមធ្យម២០៥គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរ ១២គ្រួសារ) ដែលពិធីនោះបានរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តប្រភ្នំ ស្ថិតនៅក្នុងភូមិប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលអំណោយដោយក្តីនឹករឭកបំផុត ហើយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជួបការលំបាក  អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត  និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងបានអំពាវនាវដល់បងប្អូនពលរដ្ឋសូមទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឲ្យបានគ្រប់គ្នា។

អំណោយមានគ្រួសាររងគ្រោះមធ្យម២០៥គ្រួសារ  ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង  ទឹកត្រី១យួរ មី១កេស  ឆៃប៉ូវផ្អែម១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន១២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឆៃប៉ូវផ្អែម១កញ្ចប់ កៅស៊ូតង់១ដុំ និងថវិកា១លានរៀល និងបានប្រគេនទេយ្យទានដល់ព្រះសង្ឃ ជាអង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ត្រីខ២០កំប៉ុង មី២កេស ទឹកសុទ្ធ២កេស និងថវិកា៥០ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments