មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការនី និងបុក្គលិកសហគ្រាសដេរកូនបាល់របស់ក្រុមហ៊ុន ដាប៉ុនកំពតស័្ពរ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា តាមការសង្កេតឃើញនារយៈកន្លងមក បងប្អូនកម្មករ កម្មការនី ដែលបំរើការងារតាមបណ្តារោងចក្រនានាក្នុងខេត្តកំពត គឺបានបំពេញតួនាទី គោរពវិន័យ និងអនុវត្តនូវបទបញ្ជាផ្ទៃក្នុងរបស់រោងចក្របានល្អប្រសើ ដោយពុំមានភាពមិនប្រក្រតីណាមួយកើតឡើងនោះឡើយ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ កម្មករ កម្មការនី ទាំងអស់ក្នុងខេត្ត ត្រូវបន្តអនុវត្តន៍ឱ្យបានល្អបន្ថែមទៀត ដើម្បីឱ្យអ្នកវិនិយោគផ្តល់សេចក្តីទុកចិត្ត និងផ្សព្វផ្សាយទៅកាន់អ្នកវិនិយោគផ្សេងៗទៀត ឱ្យមកវិនិយោគនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតបានបន្ថែមថា កម្មករ កម្មការនី គឺជាកម្លាំងមួយយ៉ាងសំខាន់មួយក្នុងការស្រូបទាញអ្នកវិនិយោគមកកម្ពុជា ដែលជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ កម្មករ កម្មការនី ទាំងអស់ចូលរួមផ្សព្វផ្សាយ និងប្រាប់ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន។
យោងតាមរបាយការណ៍របស់លោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តំពតបានឱ្យដឹងថា សហគ្រាសដេរកូនបាល់របស់ក្រុមហ៊ុនដាប៉ុនកំពតស័្ពរ មានកម្មករបំពេញការងារសរុបចំនួន ១៧៥នាក់ ស្រី ១៦៥នាក់។ ហើយក្នុងពិធីនេះការមានការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ជូនដល់ កម្មករ កម្មការនី ដែលរង្វាន់រួមមាន៖ ម៉ូតូចំនួន ៦គ្រឿង កង់ចំនួន ៦គ្រឿង កង្ហាចំនួន ១០គ្រឿង និងឆ្នាំងដាំបាយអគ្គិសនីចំនួន ១០គ្រឿង។ ជាមួយគ្នានេះដែរ ចំពោះកម្មការនីដេលមានផ្ទៃពោះចំនួន ២១ នាក់ ទទួលបានអំណោយពីឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុងចំនួន ៥ និងថវិកាចំនួន ៥ ម៉ឺនរៀលផងដែរ៕
0 Comments