ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្ត រដ្ឋបាលខេត្តកំពតបាននឹងកំពុងមមាញឹកក្នុងការតុបតែងលម្អភ្លើងពណ៌តាមដឹងផ្លូវសាធារណៈសំខាន់ៗ និងរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តរយៈពេលបីថ្ងៃផងដែរ។ ជាមួយគ្នានេះដែរអាជ្ញាធរ និងពលរដ្ឋខេត្តកំពត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋតាមបណ្តាខេត្តនានា និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំ២០២៣ ឱ្យបានច្រើនកុះករ ព្រោះអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋបានត្រៀមលក្ខណៈរួចរាល់ ក្នុងការផ្តល់ជូននូវកម្មវិធីសប្បាយរីករាយជាច្រើនមិនធ្លាប់មានពីមុនមក។
អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់ឱ្យដឹងថា មកដល់ថ្ងៃនេះ ការរៀបចំកែលម្អសោភ័ណ្ឌភាព និងតុបតែងលម្អផ្សេងៗសម្រាប់ព្រឹត្តិការណ៍កំពតសង្ក្រាន្ត ស្ទើររួចរាល់ ១០០%ហើយ នៅសល់តែការងារតុបតែងលម្អភ្លើងបន្ថែម នៅតាមគោដៅសំខាន់ៗមួយចំនួនប៉ុណ្ណោះ។ លោកអភិបាលក្រុងបានបន្ថែមថា ចំពោះកម្មវិធីកម្សាន្ដសប្បាយវិញមានដូចជា៖ ការលេងល្បែងប្រជាប្រិយ, ការសម្ដែងសិល្បៈ, ការប្រគំតន្ត្រី(នៅឆ្នេរថ្មីកោះស្មៅ), ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ, ការបាញ់ទឹករាំកម្សាន្ត(រង្វង់មូលទុរេន), ពិធីស្រង់ព្រះ, ការបាញ់កាំជ្រួច, ការរៀបចំពិពណ៌ភូមិមួយផលិតផលមួយ, ពិសេសមានការតាំងបង្ហាញនំខ្មែរថែវប្បធម៌(នៅមុខសាលាខេត្ត កំពត) ជាដើម។ លោកអភិបាលក្រុងបានបន្តថា ព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំនេះ ពិតជាប្លែកភ្នែក និងមានភាពទាក់ទាញជាងព្រឹត្តិការណ៍កំពតសង្ក្រាន្តកន្លងមក។កញ្ញា ដាវី ជាប្រជាពលរដ្ឋកំពុងហាត់សមរាំចង្វាក់ខ្មែរបុរាណ បានប្រាប់ឱ្យដឹងថា ព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំនេះ ពិតជានឹងធ្វើឱ្យប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរមានភាពសប្បាយរីករាយ និងប្លែកភ្នែកជាក់ជាមិនខាន់។ ហើយកញ្ញាក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ភ្ញៀវទេសចរជាតិ និងអន្តជាតិ មកចូលរួមកម្សាន្តសប្បាយឱ្យច្រើនកុះករ ដែលព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំនេះ និងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។
សូមបញ្ជាក់ថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍កំពតសង្ក្រាន្តត្រូវបានអាក់ខានរយៈពេលបីឆ្នាំមកហើយ ហើយនៅក្នុងឆ្នាំ២០២៣នេះ បើតាមទិដ្ឋភាពជាក់ស្តែង រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើឱ្យកំពតសង្ក្រាន្តឆ្នាំ២០២៣នេះ កាន់តែធំ កាន់តែសប្បាយរីករាយជាងឆ្នាំមុនៗ ពិសេសរដ្ឋបាលខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានរៀបចំឆ្នេរខ្សាច់កម្សាន្តចំនួនពីរទីតាំង ដែលទីតាំងទី១ គឺឆ្នេរខ្សាច់កោះស្នៅមានប្រវែងពីរគីឡូម៉ែត្រ និងទីពីរឆ្នេរសម្រាប់ងូតទឹកលេងកម្សាន្តចន្លោះពីស្ពានថ្មថ្មី រហូតដល់ស្ពានរថភ្លើង ដែលឆ្នេរនេះបានបូបខ្សាច់រួចរាល់សម្រាប់ឱ្យភ្ញៀវទេសចរអាចលេងកម្សន្តាបាន៕
0 Comments