Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីក្រសួងផែនការជំរុញមន្ត្រីនិងពលរដ្ឋឱ្យយកចិត្តទុកដាក់លើការងារ​ធ្វើជំរឿនកសិកម្ម

ថ្លែងនៅក្នុងដំណើរចុះពិនិត្យលទ្ធផល នៃវគ្គបណ្ដុះបណ្ដាលមន្ត្រីជំរឿនកសិកម្ម ស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ សម្រាប់មន្ត្រីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ ដែលធ្វើឡើងនៅសាលាស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា ការងារជំរឿនកសិកម្មនេះ មានសារៈសំខាន់បីចំណុចគឺ ទី១.ដើម្បីត្រួតពិនិត្យប្រជាជន ទី២.ត្រួតពិនិត្យសេដ្ឋកិច្ច  ទី៣.ត្រួតនិត្យកសិកម្ម ដែលមានចែងនៅក្នុងច្បាប់ស្តីពីស្ថិតិ និងកាតព្វកិច្ចដែលយើងត្រូវធ្វើ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កន្លងមកមន្ត្រីជំរឿន មតិសាធារណៈ និងពលរដ្ឋខ្លះ មិនសូវយកចិត្តទុកដាក់ឱ្យតម្លៃដល់ការងារជំរឿនប៉ុន្មានទេ ប៉ុន្តែតាមពិត ការងារជំរឿនធ្វើឡើងដើម្បីពិនិត្យតាមដានផង និងវាស់វែងរាល់កិច្ចការធំៗសំខាន់របស់រដ្ឋ ក៏ដូចជាសាកលលោកផង។ ការធ្វើជំរឿងមិនត្រឹមតែឈានដល់ការងារកាត់បន្ថយភាពក្រីក្រប៉ុន្តែណ្ណោះទេ ថែមទាំងវាយតម្លៃ ថាតើកម្ពុជាស្ថិតនៅលំដាប់ណា អាចឆ្លងផុតពីប្រទេសអភិវឌ្ឍន៍តិចតួចដែរឬទេ ឬឈានដល់កម្រិលណាហើយ?

ឯកឧត្តមកិត្តិសេដ្ឋាបណ្ដិត ឆាយ ថន បានជំរុញលើកទឹកចិត្តដល់ មន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាស និងពលរដ្ឋសហការចូលរួម ធ្វើយ៉ាងណាឱ្យទិន្ន័យប្រមូលបានជាក់ស្តែង ទាន់ពេលវេលា ច្បាស់លាស់ ត្រឹមត្រូវ ជឿជាក់ និងអាចយកមកប្រើប្រាស់បាន។

ក្នុងខេត្តកំពតមានមន្ត្រីជំរឿនមានផ្នែកសម្ភាសចំនួន ១៧៦នាក់ និងមន្ត្រីត្រួតពិនិត្យចំនួន ២៧នាក់ ដែលចាប់អនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេស។ ហើយការធ្វើជំរឿនកសិកម្មដើម្បីផ្តល់បញ្ជីមេអង្គភាពកសិកម្មគ្រប់ប្រភេទ សម្រាប់ការជ្រើសរើសសំណាកគំរូ ធ្វើអង្កេតកសិកម្ម ផ្តល់ទិន្នន័យបំបែកលំអិតតូចបំផុតកម្រិតតំបន់ មូលដ្ឋានឃុំ-សង្កាត់ និងសមភាពយ៉េនឌ័រក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។ ផ្តល់ទិន្នន័យបច្ចុប្បន្នស្តីពីរចនាសម្ព័ន្ធ នៃការកាន់កាប់ផ្ទៃដីកសិកម្ម ការដាំដំណាំ ការចិញ្ចឹមបសុសត្វ និងបសុបក្សី សកម្មភាពនេសាទ និងវារីវប្បកម្ម និងសកម្មភាពអនុផលព្រៃឈើ នៅក្នុងដែនដីប្រទេសកម្ពុជា។ ផ្តល់ទិន្នន័យសម្រាប់ធ្វើការគណនាវាស់វែងអំពីតុល្យភាពនៃសន្តិសុខស្បៀងនៅកម្ពុជា គ្រួសារដែលអាចងាយរងគ្រោះ ទិន្នន័យដែលអាចវាយតម្លៃលើផលប៉ះពាល់ពីកត្តាប្រែប្រួលអាកាសធាតុ និង បរិស្ថាន ឬគ្រោះមហន្តរាយធម្មជាតិជាដើម៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត













Post a Comment

0 Comments