Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យអាជីវករផ្នែកម្ហូបអាហារក្នុងខេត្តកំពត​ត្រូវផ្តោតលើសុវត្តិភាពចំណីអាហារជាចាំបាច់

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម នី ផល្លី បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្តិភាពម្ហូបអាហារ និងអាហារូបត្ថម្ភ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត ថា កំពតគឺជាខេត្តគោលដៅទេសចរណ៍មួយដ៏ទាក់ទាញផ្នែកធម្មជាតិ និងចំណីអាហារ ដូចនេះក្នុងនាមជាខេត្តដែលមានភាពល្បីល្បាញផ្នែកចំណីអាហារ គឺយើងត្រូវតែមានសុវត្តិភាពចំណីអាហារ និងអាហារូបត្ថម្ភជាការចាំបាច់។


ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងវិស័យទេសចរណ៍ គោលដៅដែលមានភាពល្បីល្បាញផ្នែកចំណីអាហារ គឺជាគោលដៅដែលមានភាពទាក់ទាញបំផុត។ ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋក្នុងខេត្តកំពត ដែលជាខេត្តមានភាពទាក់ទាញផ្នែកចំណីអាហារនេះ ជាពិសេសគឺអាជីវករទាំងអស់ដែលនៅតាមមូលដ្ឋានអាជីវកម្ម ត្រូវយល់ទាំងអស់គ្នាអំពីការផ្តល់នូវផលិតផលទេសចរណ៍មួយ ដែលមានអាហារប្រកបដោយសុវត្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ការពង្រឹងគុណភាពចំណីអាហារ និងអាហារូបត្ថម្ភ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងការអភិវឌ្ឍនូវវិស័យទេសចរណ៍ផ្នែកចំណីអាហារ។ ហើយនៅពេលដែលយើងទាំងអស់គ្នាពង្រឹងបាននូវគុណភាពចំណីអាហារទៅតាមស្តង់ដាសុវត្តិភាព ពេលដែលយើងលក់ជូនទៅដល់ភ្ញៀវទេសចរ អាហារនោះគឺជាអាហារប្រកបដោយសុវត្តិភាព និងសុខភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបារងខេត្តកំពតបានលើកឡើងដែរថា តាមការអង្កេតផ្នែកវិទ្យាសាស្ត្របង្ហាញថា ការបរិភោគអាហារកាន់តែមានសុវត្ថិភាព ពិតជាបានជួយកាត់បន្ថយអត្រាកើតជំងឺមិនឆ្លងជាង២០០មុខ និងបានកាត់បន្ថយការចំណាយទៅលើការពិនិត្យ ព្យាបាលជំងឺ។ ម្ហូបអាហារមានសុវត្ថិភាពបានក្លាយទៅជាអាទិភាពទី១ របស់មនុស្សម្នាក់ៗ កន្លងមកយោងទៅតាមលទ្ធផលអង្កេតសុខភាពរបស់ក្រសួងផែនការឆ្នាំ២០២១ ចំនួនកុមារអាយុក្រោម៥ឆ្នាំ មានភាពគ្រឹះគ្រិនថយចុះ ពី៣២% មកត្រឹមតែ២២% ក៏ប៉ុន្តែចំនួនស្លេកស្លាំង ស្គមស្តាំង នៅតែកើនឡើងដដែល។

សូមបញ្ជាក់ដែរដា សិក្ខាសាលានេះមានគោលបំណងដើម្បីឱ្យអ្នកចូលរួម និងអ្នកលក់ម្ហូបអាហារបង្កើនចំណេះដឹងស្តីពីសុវត្តិភាពម្ហូបអាហារ និងអាហារូបត្ថម្ភ។ អ្នកលក់ម្ហូបអាហារត្រូវអនុវត្តតាមសេចក្តីណែនាំ វិធានការណ៍ និងក្របខណ្ឌនានាទាក់ទងនឹងសុវត្តិភាពចំណីអាហារ។ បង្កើនការចូលរួមអនុវត្តនូវយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងយុទ្ធនាការប្រឆាំងជំងឺឆ្លងនានា។ ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាំសាធារណៈអំពីព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ដោយផ្តោតទៅលើសុវត្តិភាពម្ហូបអាហារ អនាម័យ បរិស្ថាន និងការអនុវត្តនូវស្តង់ដារប្រតិបត្តិនានារបស់ក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាល។ អ្នកចូលរួម និងអ្នកលក់ម្ហូបអាហារបង្កើនចំណេះដឹងស្តីពីអាហារចម្រុះពណ៌ និងរបបអាហារសុខភាព៕

អត្ថបទ៖ សុធារម្យ
























Post a Comment

0 Comments