នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋចំនួន ៣ឃុំ នៃស្រុកដងទង់ ក្នុងនោះមានឃុំ ស្រែជាខាងជើង ឃុំខ្ជាយខាងជើង និងខ្ជាយខាងត្បូង ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួនជាង ៣ពាន់នាក់។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា គ្មានការភិតភ័យ និងពោពេញទៅដោយសុខសន្តិភាព ដែលទាំងនេះគឺបានមកដោយសារតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលះបង់គ្រប់បែបយ៉ាងដើម្បីយកមកជូនប្រទេសជាតិ ពិសេសបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីឱ្យបានត្រឹមត្រូវ ពិសេសបំរើបងប្អូនប្រជាពលរដ្ឋក្នងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។ មួយវិញទៀត រាល់ការផ្តល់សេវា ឬមានការពឹងពាក់ពីប្រជាពលរដ្ឋក្នុងការបំពេញឯកសារ ឬធ្វើឯកសារណាមួយ អាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងការជួយសម្រួល ដោយមិនត្រូវមានការយកប្រាក់ពីពលរដ្ឋណាម្នាក់ឡើយ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានប្រាប់ទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យតាមដាននិងពិនិត្យមើលការបំពេញការងាររបស់អាជ្ញាធរមូលដ្ឋានទាំងអស់ ហើយត្រូវរាយការណ៍ជូនឯកឧត្តមផ្ទាល់ ប្រសិនបើឃើញមានភាពមិនប្រក្រតីណាមួយកើតឡើង៕
អត្ថបទ៖ មន្ទីរ ព័ត៌មានខេត្តកំពត
0 Comments