ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីសម្ពោធឆ្លងកុដិថ្មី០១ខ្នង ០២ជាន់ និងសមិទ្ធផលនានាក្នុងវត្តស្រែជា ស្ថិតក្នុងឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសព្វថ្ងៃនេះ គឺកើតឡើងដោយសារតែប្រទេសជាតិមានសុខសន្តិភាព។ ហើយយើងមានសុខសន្តិភាពដូចសព្វថ្ងៃនេះក៏ដោយសារតែការខិតខំប្រឹងប្រែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីប្តូរយកមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា វិស័យពុទ្ធចក្រគឺជាទឹកអន្សារផ្សារភ្ជាប់រវាងព្រះពុទ្ធសាសនា និងសង្គម ហើយពុទ្ធចក្រគឺអាចធ្វើឱ្យសង្គមមួយមានភាពរឹងមាំបាន ហើយនៅពេលដែលសង្គមមួយរឹងមាំហើយនោះ វិស័យព្រះពុទ្ធសាសនាក៏មានភាពរឹងមាំដែរ។ ឯកឧត្តមអភិបាលខេត្តក៏បានរំលឹកដែរថា ក្នុងរបបបីឆ្នាំប្រាំបីខែម្ហៃថ្ងៃ ប្រទេសយើងត្រូវបានបាត់បង់ ទាំងស្រុងនូវសុខសន្តិភាព ពិសេសវិស័យព្រះពុទ្ធសាសនាត្រូវបានរលាយទាំងស្រុង ហើយទីវត្តអារាមត្រូវបានវាយកំទេច និងបានក្លាយទៅជាគុកឥតជញ្ជាំង កន្លែងធ្វើទារុណកម្ម និងជាឃ្លាំងផ្ទុកសម្ភារៈផ្សេងៗជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ប្រជាពុទ្ធបរិស័ទ្ធ ក៏ដូចជាសប្បុរសជនទាំងអស់ បន្តចូលរួមឧបត្ថម្ភគាំទ្រ ចូលរួមអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាបន្តទៅមុខទៀតក្រោមម្លប់នៃសុខសន្តិភាព ដើម្បីឱ្យវិស័យពុទ្ធចក្ររីកចម្រើនកាន់តែខ្លាំងបន្តទៅមុខទៀត។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា អ្វីដែលយើងត្រូវបន្តធ្វើទៅមុខជារៀងរាល់ថ្ងៃនោះគឺត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង់ ដើម្បីមានឱកាសក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន សង្គមជាតិ ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ពិសេសប្រទេសជាតិទាំងមូល៕
0 Comments