Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតជំរុញឱ្យអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តកំពតគិតពីតម្រូវការរបស់ពលរដ្ឋជាធំ និងគោរពតាមលក្ខខណ្ឌរបស់អាជ្ញាធរអគ្គិសនីបានដាក់ចេញ

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើការជំរុញដល់សេវាករផ្គត់ផ្គង់អគ្គិសនីនៅទូទាំងខេត្តកំពត ឱ្យធ្វើយ៉ាងណាខិតខំពង្រីកបណ្តាញ តបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋឱ្យបានគ្រប់ភូមិ គ្រប់ខ្នងផ្ទះពលរដ្ឋឱ្យបានឆាប់រហ័ស ហើយត្រូវមើលពីតម្រូវការរបស់ប្រជាពលរដ្ឋជាធំ។ ការជំរុញបែបនេះបានធ្វើឡើងក្នុងជំនួបរវាងអភិបាលខេត្តកំពត និងសេវាករដែលធ្វើការផ្គត់ផ្គង់អគ្គិសនីទាំងអស់ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅសាលធុរេន សាលាខេត្តកំពត។


ក្នុងជំនួបនេះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានស្នើឱ្យសេវាករទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌដែលអាជ្ញាធរអគ្គិសនីបានដាក់ចេញ ហើយប្រសិនបើសេវាករទាំងអស់មិនគោរពតាម ឬមិនមានលទ្ធភាពក្នុងការបំពេញតាមតម្រូវការពលរដ្ឋ ក៏ដូចជាលក្ខខណ្ឌរបស់អាជ្ញាធរអគ្គិសនី ឯកឧត្តមនឹងមានការស្នើសុំដើម្បីផ្លាស់ប្តូរ។


ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏ប្រាប់ទៅកាន់សេវាករទាំងអស់ត្រូវគិតពីតម្រូវការរបស់ពលរដ្ឋជាធំ និងធ្វើយ៉ាងណាតបណ្តាញអគ្គិសនីឱ្យបានគ្រប់ភូមិ និងគ្រប់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋឱ្យបានឆាប់បំផុត។


លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពតបានឱ្យដឹងថា សេវាករដែលផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តកំពតមានចំនួន៩ ដែលក្នុងនោះសេវាករឯកជនមានចំនួន៨ និងមួយទៀតគឺអគ្គិសនីកម្ពុជាដែលជាស្ថាប័នរបស់រដ្ឋ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា បច្ចុប្បន្ននេះការផ្គត់ផ្គង់ ពង្រីកបណ្តាញ និងតបណ្តាញអគ្គិសនីបានគ្របដណ្តប់ទូទាំងខេត្ត ដែលក្នុងនោះភូមិដែលមានអគ្គិសនីប្រើប្រាស់ចំនួន ៤៨៥ភូមិ នៅសល់ ៣ភូមិ លើភូមិសរុបទូទាំងខេត្តកំពតចំនួន ៤៨៨ភូមិ៕

អត្ថបទ៖ AKP កំពត










Post a Comment

0 Comments