នៅថ្ងៃចុងសប្តាហ៍កន្លងទៅ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត រួមដំណើរដោយ ប្រធានក្រុមប្រឹក្សានិងសមាជិកក្រុមប្រឹក្សាខេត្តបានដឹកនាំមន្ត្រីរាជការ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងនៅតាមមូលដ្ឋានឃុំចំនួន៧ឃុំ ដោយប្រើពេលតែពីរព្រឹកប៉ុណ្ណោះ។
តាមប្រសាសន៍នៅក្នុងកិច្ចសំណេះសំណាលរបស់ឯកឧត្តម ម៉ៅ ធនិន ថ្លែងចេញពីកណ្តាលថ្ងៃក្តៅ ទៅកាន់ប្រជាពលរដ្ឋ ទាំង៧ឃុំ មានឃុំបានៀវ, ក្រាំងស្បូវ , ដូនយ៉យ, មានជ័យ ,ត្រមែង ,ក្រាំងស្នាយ និងឃុំបឹងនិមល) ស្រុកឈូក ខេត្តកំពត បានបង្ហាញថា ឯកឧត្តមបានប្រើវិធីសាស្ត្របីយ៉ាង ដើម្បីជំរុញដល់ការងារបម្រើប្រជាពលរដ្ឋឲ្យរស់នៅសុខសាន្ត និងមានអារម្មណ៍កក់ក្តៅ។ ទី១ គឹសុំខ្លួនចូលជាសមាជិកម្នាក់នៅគ្រប់ក្រុមគ្រួសាររបស់ពលរដ្ឋ ដើម្បីបង្កើតភាពស្និទស្នាល និងឲ្យពលរដ្ឋហ៊ានប្រាប់អំពីបញ្ហា តម្រូវការ សុខទុក្ខ សំណើសំណូមពរនានា។ ទី២ គឺស្នើដល់អាជ្ញាធរមូលដ្ឋាន មានមេឃុំ ស្មៀន មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព ប្រធានភូមិបាល អភិបាលស្រុក មើលថែ បម្រើប្រជាពលរដ្ឋដែលជាគ្រួសាររបស់ឯកឧត្តម ឲ្យបានកាន់តែប្រសើរ។
ចំណែកវិធីសាស្ត្រទី៣ គឺឯកឧត្តមមានប្រសាសន៍ក្រើនរំលឹក និងស្នើសុំដល់ប្រជាពលរដ្ឋ ត្រូវរស់នៅក្នុងភាពថ្លៃថ្នូរ ស្គាល់គុណ ស្គាល់ទោស ស្គាល់បុណ្យ ស្គាល់បាប ចេះស្រឡាញ់យោគយល់គ្នា កុំឈ្លោះប្រកែកគ្នា ពិសេសត្រូវចេះតបស្នងសងគុណដល់ប្រមុខថ្នាក់ដឹកនាំ តាមរយៈការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
នៅក្នុងដំណើរចុះសួសុខទុក្ខ និងសំណេះសំណាល់ ឯកឧត្តម ក៏បានឆ្លៀតជួបពលរដ្ឋតាមខ្នងផ្ទះ អាជីវករនៅតាមមូលដ្ឋាន ចូលរួមជួនពរ និងចង់ដៃដល់គូស្វាមីភរិយាថ្មីជាច្រើនគូ សួរសុខក្ខ និងឧបត្ថម្ភដល់មណ្ឌលសុខភាព និងចុលរួមរំលែកទុក្ខជាមួយគ្រួសារសពនៅតាមមូលដ្ឋានផងដែរ។
ប្រជាពលរដ្ឋរាប់ពាន់នាក់ក៏បានបង្ហាញទឹកមុខសប្បាយរីករាយ រង់ចាំស្វាគមន៍ថ្នាក់ដឹកនាំរបស់ខ្លួន ដោយមិនខ្លាចខាតការងារ ឬខ្លាចថ្ងៃក្តៅឡើយ។ ប្រជាពលរដ្ឋថានឹក គោរពស្រឡាញ់ និងចាត់ទុក ឯកឧត្តមម៉ៅ ធនិន ជាអភិបាលខេត្តគំរូរបស់កម្ពុជា ហើយបានស្នើសុំឲ្យឯកឧត្តមអភិបាលខេត្តកុំផ្លាស់ទៅខេត្តផ្សេង៕
អត្ថបទ៖ AKP កំពត
0 Comments