Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ចែករំលែកបទពិសោធន៍ក្នុងដឹកនាំដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើបាឋកថាមួយស្តីអំពីអភិបាលកិច្ច កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលដឹកនាំដោយឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល។


នៅក្នុងបាឋកថា ក៏ដូចជាសំណួរជាច្រើនរបស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល បានផ្តោតទៅលើការងារគ្រប់គ្រង់ និងដឹកនាំ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ដោយសារតែឯកឧត្តមមានប្រជាប្រិយភាព និងទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ថាជាអភិបាលខេត្តឆ្នើម ឬជាអភិបាលខេត្តគំរូ។


ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ដើម្បីក្លាយជាអ្នកគ្រប់គ្រង និងមេដឹកនាំល្អ គឺទាមទាឱ្យយើងត្រូវដឹងខ្លួនឯងច្បាស់ថា ខ្លួនជានរណា? មកពីណា? ហើយត្រូវធ្វើអ្វី? ដោយឡែកសម្រាប់មន្ត្រី នៅពេលទទួលតួនាទីត្រូវចាំថា តួនាទីគឺជាអម្រែក ដែលខាងមុខរែករាស្ត្រ ខាងក្រោយរែកច្បាប់។ ហើយចំពោះការអនុវត្តច្បាប់ក៏ត្រូវចេះបត់បែនទៅតាមសភាពការជាក់ស្តែង និងប្រើប្រាស់ច្បាប់ឱ្យចំគោលដៅផងដែរ។


ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានបង្ហាញពីបទពិសោធន៍ក្នុងការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការដែរថា ឯកឧត្តម បានប្រើវិទ្យុទាក់ទងភ្ជាប់ជាមួយមន្ត្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត ដើម្បីធ្វើការរាយការណ៍ ឬសួរនាំភ្លាមៗនៅពេលដែលទទួលបានបញ្ហា ការស្នើសុំពីប្រជាពលរដ្ឋ ឬហេតុការណ៍អ្វីមួយកើតឡើង។ ចំពោះបញ្ហាបណ្តឹងរបស់ប្រជាពលរដ្ឋ ខេត្តក៏មានលេខាធិការមួយដែលរង់ចាំទទួលពាក្យបណ្តឹងផ្សេងៗពីប្រជាពលរដ្ឋ និងរៀបចំពេលវេលាចុះដោះស្រាយដល់មូលដ្ឋានតែម្តង។


ក្រៅពីការគ្រប់គ្រង់ និងដឹកនាំ សិស្សមន្ត្រីជាន់ខ្ពស់ក៏បានសួរនាំអំពីសក្តានុពល ការអភិវឌ្ឍន៍ និងការងារមួយចំនួនទៀតទាក់ទងនឹងគម្រោងស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការកែលម្អសោភ័ណក្រុងឱ្យទទួលបានពានរង្វាន់ទីក្រុងស្អាត ផ្ការំដូលបីទង ៣អណត្តិជាប់ៗគ្នាផងដែរ៕

អត្ថបទ៖ AKP កំពត









Post a Comment

0 Comments