Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការ អាជ្ញាធរ មន្ត្រីជំនាញស្នើឱ្យពលរដ្ឋសិស្សានុសិស្សពង្រឹងការអនុវត្ត និងគោរពច្បាប់ចរាចរណ៍

នៅក្នុងពិធីផ្តល់អំណោយមួកសុវត្ថិភាព ដល់សិស្សានុសិស្ស និងគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្ថិតនៅ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសស្នាមអាស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈដ៏ចំបងបំផុត និងជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់ប្រទេសកម្ពុជា ដោយគ្រោះថ្នាក់នេះ បានបន្តឆក់យកអាយុជីវិតមនុស្ស ធ្វើឱ្យរងរបួសធ្ងន់-ស្រាលជាច្រើននាក់ក្នុងមួយថ្ងៃៗ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចជាច្រើនគួរឱ្យសោកស្តាយ។ លោកបានបន្តថា កាលពីឆ្នាំ២០២២ គិតជាមធ្យមក្នុងមួយថ្ងៃៗ មានមនុស្សប្រមាណជិត ៥នាក់ស្លាប់បាត់បង់ជីវិត និងជាច្រើនសិបនាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់-ស្រាល នៅលើដងផ្លូវក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីនិន្នាការកើនឡើង បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១។ គ្រោះថ្នាក់ចរាចរណ៍ក៏បានបណ្តាលឱ្យប្រទេសកម្ពុជាខាតបង់ថវិកាអស់ជាច្រើនរយលានដុល្លារសហរដ្ឋអាមេរិក (ក្នុងឆ្នាំ២០១៩ កម្ពុជាខាតបង់ថវិកាអស់ប្រមាណជិត ៥០០លានដុល្លារសហរដ្ឋអាមេរិក)។

ក្នុងឱកាសនោះដែរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការស្នើដល់គ្រប់ភាគីពាក់ព័ន្ធ  អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសអាណាព្យាបាល និងសិស្សានុសិស្ស ត្រូវនាំគ្នាអនុវត្ត គោរព និងរួមគ្នាផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ និងល្អប្រសើរ ដើម្បីរួមគ្នាកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិកា ក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមក្រើនរំលឹកអ្នកនៅជុំវិញខ្លួនធ្វើយ៉ាងណាឱ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកលើកត្តាហានិភ័យនានាដូចជា ការបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយមុនចេញដំណើរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាដើម។

យោងតាមរបាយការណ៍របស់ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានបង្ហាញថា នៅឆ្នាំ២០២២កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពត បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦២នាក់ របួសធ្ងន់ស្រាល់ ១៥៣នាក់ រថយន្តខូចខាតធ្ងន់ធ្ងរ ៩១គ្រឿង ម៉ូតូខូចខាតស្រាល ១០៥គ្រឿង ម៉ូតូកងបីចំនួន ២គ្រឿង និងបានផាកពិន័យយានយន្តខុសច្បាប់ចំនួនជាង ៥.១៤៧គ្រឿង៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត


























Post a Comment

0 Comments