Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អបអរសាទរ! ក្រុងកំពតទទួលបានពានរង្វាន់ទីក្រុងស្អាត "រំដួលបីទង" បីអណ្ណត្តិជាប់គ្នា

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលបានប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ”។ ទិវានេះ ប្រារព្ធឡើង អមជាមួយពិធីប្រគល់ជ័យលាភី ទីក្រុងស្អាត លើកទី៣ ដល់ទីក្រុង​ជាប់ចំណាត់ថ្នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ក្រុងកំពត នៃខេត្តកំពត ក៏ទទួលបានពានរង្វាន់ទីក្រុងស្អាត រំដួលបីទង ជាលើក៣ ដែលនេះជាមោទនភាពមួយសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងកំពត ដែលអាចរក្សា និងទទួលបានពានរង្វាន់នេះរយៈពេលបីអណ្ណត្តិជាប់ៗគ្នា។

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់អោយដឹងថា លក្ខខណ្ឌដែលយើងអាចរក្សាបាន និងទទួលបានពានរង្វាន់នេះគឺដោយសារក្រុងកំពតមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ព្រមទាំងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ពិសេសចិស័យទឹក ភ្លើង និងការតុបតែងលម្អភ្លើងតាមដងផ្លូវសំខាន់ៗ ការកែលម្អសួនច្បារជាដើម។

លោកអភិបាលក្រុងបានបន្ថែមថា កត្តាដែលខ្វះមិនបាននោះគឺការចូលរួមរបស់ប្រជាពលរដ្ឋ និងមន្ទីរ-អង្គភាពក្នុងក្រុង ដែលបានចូលរួមសហការក្នុងការរៀបចំទុកដាក់សម្រាមបានល្អប្រសើ ចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងចូលរួមកែលម្អសោភ័ណ្ឌភាពតាមទីតាំងរបស់ខ្លួនផងដែរ។

លោកអភិបាលក្រុងបានបន្តទៀតថា ខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុង ឆ្នេរកម្សាន្ត សួនច្បារសាធារណៈត្រូវបានរៀបចំស្តារគុណភាព និងកែលម្អអោយមានសោភ័ណ្ឌភាពបន្ថែម ដែលជាកត្តាធ្វើអោយក្រុងកំពតអាចរក្សាបាននូវជ័យលាភីទីក្រុងស្អាត រំដួលបីទង បីអណ្ណត្តិជាបៗគ្នាដូចនេះ៕

អត្ថបទ៖ សុធារម្យ (AKP កំពត)



Post a Comment

0 Comments