នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសង្សសន្និបាតមន្ត្រីសង្ឃខេត្តកំពត ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ព.ស២៥៦៦ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣។
ពិធីនេះបានប្រារព្ធធ្វើឡើងក្នុងបរិវេណវត្ត ព្រៃតុម្ភ ស្ថិតក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការនិមន្ត និងចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យគណៈកម្មាធិការវត្ត តាជី យាយជី សរុមចំនួន ១.០២២អង្គ-នាក់៕
ថ្លែងក្នុងពិធីផ្សព្វផ្សាយ នូវខ្លឹមសារសង្ឃប្រកាស មហាសន្និបាតលើកទី៣០ ឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅបរិវេណវត្តព្រៃតុម្ព ស្ថិតក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា សាសនាមានតួនាទីសំខាន់ណាស់សម្រាប់ប្រទេសមួយ ជនជាតិមួយ ហើយប្រទេសមួយអាចរីកចម្រើនបាន ពលរដ្ឋអាចរស់នៅប្រកបដោយសុខដុមរម្យនាបាន ដ៏រាបណាសាសនាប្រទេសនោះរីកចម្រើនដែរ។
ឯកឧត្តមបានបន្តថា សម្រាប់កម្ពុជា ព្រះធម៌គឺជាឱសថអាចព្យាបាលជំងឺសង្គមគ្រប់មុខ ជាពិសេស ពាក់ព័ន្ធបទល្មើស អំពើហិង្សា ហើយការឈ្លោះប្រកែកគ្នាដែលកើនឡើង ដោយពលរដ្ឋមួយចំនួនខ្វះការអប់រំផ្នែកព្រះពុទ្ធសាសនា។ ដូច្នេះឯកឧត្តមអភបាលខេត្តបានស្នើឱ្យព្រះសង្ឃគ្រប់អង្គ ជួយចូលរួមអប់រំផ្សព្វផ្សាយព្រះធម៌ ពុទ្ធវចនៈ ដល់ប្រជាពុទ្ធបរិស័ទឱ្យកាន់តែទូលំទូលាយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ព្រះពុទ្ធសាសនា គឺជាទឹកអន្សារដែលផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ហើយប្រសិនបើអាណាចក្រមានការអភិវឌ្ឍរីកចម្រើន នោះវិស័យពុទ្ធចក្រ និងមានការរីកចម្រើនដូចគ្នា។
0 Comments