Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតស្នើឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងក្រុងកំពតចូលរួមកែលម្អចិញ្ចើមផ្លូវដោយក្រាលម៉ាបដើម្បីបង្កើនសោភ័ណ្ឌភាពក្រុង

អភិបាលខេត្តកំពតបានលើកឡើងថា ដើម្បីកែលម្អសោភ័ណ្ឌភាពក្នុងក្រុង លើកស្ទួយវិស័យទេសចរណ៍ ជំរុញជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងក្រុងកំពតឱ្យកាន់តែប្រសើរ រដ្ឋបាលខេត្តបានកែលម្អ និងបានផ្លាស់ប្តូរទីធ្លាសួនច្បារសាធារណៈ និងចិញ្ចើមផ្លូវសំខាន់ៗរបស់ខេត្តពីការក្រាលការ៉ូឡាមកជាម៉ាបវិញ ហើយឯកឧត្តមក៏បានស្នើដល់ស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងក្រុងកំពតទាំងអស់ចូលរួមផ្លាស់ប្តូរនៅតាមអង្គភាពរៀងៗខ្លួន។

ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និសីទបូកគោ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ឆ្នាំ២០២៣នេះខេត្តកំពតទទួលបានពានរង្វាន់ជ័យលាភីចំនួន២ ពីសមាគមន៍ប្រទេសអាស៊ាន ព្រមទាំងត្រៀមខ្លួនទទួលពានរង្វាន់ទីក្រុងស្អាតផ្ការំដួលបីទង ពីរាជរដ្ឋាភិបាលនាពេលខាងមុខនេះ។ 

ប៉ុន្តែដើម្បីកែលម្អសោភ័ណ្ឌភាពក្រុងឱ្យកាន់តែមានភាពទាក់ទាញ  លើកស្ទួយវិស័យទេសចរណ៍ ជំរុញជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋឱ្យកាន់តែប្រសើរ រដ្ឋបាលខេត្តបានកែលម្អសោភ័ណ្ឌភាពទីធ្លាតាមសួនច្បារសាធារណៈ និងចិញ្ចើមផ្លូវសំខាន់ៗទាំងអស់របស់ខេត្ត ដោយផ្លាស់ប្តូរពីការក្រាលការ៉ូឡា មកជាការក្រាលថ្មម៉ាបជំនួសវិញ។ ឯកឧត្តមក៏បានស្នើរដល់ស្ថានប័នរដ្ឋ និងវិស័យឯកជនទាំងអស់នៅក្នុងក្រុងកំពត ចូលរួមកែលម្អសោភ័ណ្ឌភាពក្រុង ហើយចិញ្ចើមផ្លូវនៅមុខស្ថាប័ន អង្គភាពរបស់ខ្លួន ត្រូវប្តូរមកក្រាលម៉ាប់ជំនួសវិញ។ 


កិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត ក្នុងកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងអនុម័តលើ: ១.របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត។ ២.កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត។ ៣.របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត។ ៤.តារាងបែកចែកភារកិច្ចជូន សមាជិកក្រុមប្រឹក្សាខេត្ត ចុះមូលដ្ឋាន ជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋតាមបណ្តាក្រុង ស្រុក និងតារាងបែងចែក សមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមដោះស្រាយបណ្តឹងក្រៅប្រពន្ធ័តុលាការ ក្រោមអធិបតីភាព ឯកឧត្តម អភិបាលខេត្តផងដែរ៕

អត្ថបទ៖ AKP កំពត











Post a Comment

0 Comments