ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងក្រុងស្រុកទាំង៩ ក្នុងខេត្ត អនុប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង និងសុរិយោដីខេត្តកំពត និងសំណេះសំណាលជាមួយមន្ត្រីតាំងស៊ុបនៃក្របខ័ណ្ឌក្រសួងសុខាភិបាល នៅសាលសន្និសិតសាលាខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការប្រគល់តួនាទី និងការតែងតាំងនាពេលនេះគឺជាការផ្តល់នូវជើងពានមាសមួយដែលទ្រយើងឱ្យមានតំលៃនៅក្នុងជីវិតរស់នៅ និងក្នុងសង្គម ដែលយើងត្រូវមានតួនាទីក្នុងការបំរើសង្គម និងប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថា ចំពោះអ្នកដែលមានស្នាដៃខិតខំបំពេញការងារបានល្អ គឺត្រូវទទួលបានការកោតសរសើ ការតែងតាំងដើម្បីផ្តល់នូវកិត្តយស ហើយនៅពេលដែលយើងមានតួនាទីយើងត្រូវតែបន្តអនុវត្តន៍ការងារឱ្យបានល្អ ពិសេសបំរើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយទទួលបានការគាំទ្រ និងពេញចិត្ត ហើយសូមកុំយកតួនាទីទៅធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងមិនពេញចិត្ត។ យើងត្រូវធ្វើជាគ្រាប់ពេជ្រដែលមានតំលៃលើជើងពានមាស ដែលប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ឱ្យតំលៃ សូមកុំធ្វើជាដុំថ្មនៅលើជើងពានមាសដែលប្រជាពលរដ្ឋមានការមិនពេញចិត្ត។
ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើទៅដល់មន្ត្រីទើបតាំងស៊ុបថ្មី អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍ ស្មៀនឃុំ មន្ត្រីរាជការ និងអ្នកមានតួនាទីទាំងអស់ ត្រូវខិតខំរួមគ្នាបំពេញការងារដើម្បីបំរើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អប្រសើទៅតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល ហើយរួមគ្នាការពារសុខសន្តិភាពទោះស្ថិតក្នុងតំលៃណាក៏ដោយ ពិសេសគឺត្រូវតបស្នងសងគុណនូវតំលៃនៃសន្តិភាព៕
អត្ថបទ៖ វង្ស សុធារម្យ (AKP កំពត)
0 Comments