នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ មន្រ្ដីបច្ចេកទេសក្រសួង មន្ទីរ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះទៅត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់២ខ្សែនៅស្រុកជុំគីរី។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក ហ៊ សារិន បានឱ្យដឹងថា ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ទី១ មានប្រវែង ៨គីឡូម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៤១ ត្រង់ចំណុចខ្លោងទ្វារវត្តទួលផ្ចិក ភូមិកំណប់ ឃុំស្រែចែង ទៅភ្ជាប់នឹងផ្លូវជាតិលេខ៤៣ ត្រង់ចំណុចភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ហៅកាត់ថា (CFVAC) ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់ធានាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ ការដ្ឋាននេះ បានចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបាន ៣៥%ហើយ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ។
ចំណែកការដ្ឋានស្ថាបនាផ្លូវមួយខ្សែទៀត គឺជាគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ដោយតភ្ជាប់ពីទីរួមស្រុកជុំគីរី ទៅដល់ឃុំតាកែន ស្រុកឈូក ខេត្តកំពត មានប្រវែង ១៩គីឡូម៉ែត្រ។ ការដ្ឋានបានចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ ៥០% ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។
0 Comments