Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សួនច្បារនិងផ្លូវសំខាន់ៗក្នុងក្រុងកំពតត្រូវបានកែលម្អ ស្តារគុណភាពឡើងវិញដើម្បីទាក់ទាញភ្ញៀវទេសចរ និងត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនាពេលខាងមុខ

ខេត្តកំពតក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ដែលមានគោលដៅធ្វើយ៉ាងណាឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញ និងអាចស្រូបទាញភ្ញៀវទេសចរផងនោះ ឯកឧត្តមបានរៀបចំកែលម្អឡើងវិញនូវសួនច្បារ និងស្តារគុណភាពឡើងវិញផ្លូវសំខាន់ៗក្នុងខេត្តឱ្យមានគុណភាព និងសោភ័ណ្ឌភាព ក្នុងន័យទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តកាន់តែច្រើន ព្រមទាំងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលនឹងធ្វើការប្រកួតនៅខេត្តកំពត នាខែឧសភា ខាងមុខនេះ។

លោក មាស ច័ន្ធវិសាល មេការ និងជាប្រធានគ្រប់គ្រងការងារកែលម្អសោភណ្ឌភាពសួនច្បារដងព្រែកកំពត បានប្រាប់ឱ្យដឹងថា ថ្មីៗនេះ លោកបានទទួលការងារថ្មីមួយចំនួនបន្ថែមទៀត ក្រៅពីការងារស្តារគុណភាព និងកែលម្អសួនច្បារតាមដងព្រែកកំពតពីឯកឧត្តមអភិបាលខេត្តកំពត ដែលក្នុងនោះមានកែកែលម្អសួនច្បាររមណីយដ្ឋានស្រះឈូកខាងក្រោយសាលាខេត្ត និងសួនច្បារតំបន់កីឡាលើទឹក ដែលជាកន្លែងសម្រាប់រៀបចំការប្រកួតកីឡាទូក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ។ លោកបានបន្ថែមថា ចំពោះការស្តារគុណភាពសួនច្បារទាំងអស់នោះ គឺយើងសម្រេចបានជាង ៦៥ភាគរយហើយ ដែលការស្តារគុណភាពនេះគ្រោងនឹងបញ្ចប់ឱ្យបានមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។

លោក វាសនា អ្នកលក់ដូរនៅតាមសួនច្បារព្រែកកំពត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា គាត់មានចិត្តសប្បាយរីករាយជាខ្លាំង ព្រោះឯកឧត្តម ម៉ៅ ធនិន ដែលជាអភិបាលខេត្តបានមកដឹកនាំ និងធ្វើការអភិវឌ្ឍខេត្តបានឆាប់រហ័ស ហើយការអភិវឌ្ឍនេះគឺអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកំពតកាន់តែច្រើន ហើយអាចឱ្យគាត់មានចំណូលពីការលក់ដូរ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រចាំថ្ងៃផងដែរ។


តាមការបញ្ជាក់របស់អភិបាលក្រុងកំពត លោក លាង រឿនសុធី បានឱ្យដឹងថា សួនច្បារ និងផ្លូវសំខានៗត្រូវបានរដ្ឋបាលខេត្តជំរុញឱ្យស្តារគុណភាព និងកែលម្អសោភ័ណ្ឌភាពឱ្យតែប្រសើរ ក្នុងនោះមានសួនច្បារមាត់ព្រែក ចាប់ពីស្ពានចាស់ដល់កីឡាលើទឹក និងសួនច្បាររមណីយដ្ឋានស្រះឈូក។ ចំណែកផ្លូវសំខាន់ៗក្នុងក្រុងទាំងខាងកើត និងខាងលិចព្រែកកំពត ក៏បាននិងកំពុងស្ថាបនាជាផ្លូវបេតុងផងដែរ៕

អត្ថបទ៖ AKP កំពត










Post a Comment

0 Comments