អ្នកបើកបរទូកដឹកភ្ញៀវទេសចរនៅរមណីយដ្ឋានធម្មជាតិម្លេច លោក បា នីត បានប្រាប់ឱ្យដឹងថា ក្រោយពេលបើកប្រទេសឡើងវិញ ភ្ញៀវទេសចរចាប់ផ្តើមសម្រុកមកលេងតំបន់រមណីយដ្ឋានទំនប់ម្លេចកាន់តែច្រើនជាមុន។ ហើយដោយសារឃើញតម្រូវការភ្ញៀវជិះទូកកម្សាន្តច្រើន លោកក៏បានមកចាប់របរបើកទូកដឹកភ្ញៀវក្នុងរមណីយដ្ឋានធម្មជាតិម្លេចនេះអស់រយៈពេលជាងមួយឆ្នាំហើយ។ លោកបានបន្តថា ការជិះទូកកម្សាន្តជុំវិញទំនប់ម្លេចនេះ គឺពេញនិយមណាស់នាពេលបច្ចុប្បន្ន ដោយតម្លៃក៏សមរម្យ ហើយអាចគយគន់ទេសភាពផ្ទៃទឹក និងសម្រស់ព្រៃភ្នំ និងការតប់តែងលម្អផ្សេងៗនៅតាមកន្លែងកម្សាន្តនីមួយៗ នៅជាប់មាត់បឹងដែលអាចធ្វើឱ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយ។
លោកបានបញ្ជាក់ផងដែរថា ទូកទេសចរណ៍ដឹកភ្ញៀវនៅតំបន់រមណីយដ្ឋានទំនប់ម្លេចនេះ បច្ចុប្បន្នមានច្រើនគ្រឿង ទូកខ្លះរបស់ម្ចាស់អាហារដ្ឋាន ឬម្ចាស់រីស៊តផ្ទាល់ ឯទូកខ្លះរបស់ប្រជាពលរដ្ឋដូចរូបគាត់ជាដើម ដោយបើកដឹកភ្ញៀវចែកភាគរយគ្នាជាមួយម្ចាស់រមណីយដ្ឋានធម្មជាតិម្លេច (ម្ចាស់ទូក៥០% ម្ចាស់រមណីយដ្ឋានដែលមានភ្ញៀវចង់ជិះទូក៥០%)។ លោកបានបន្ថែមថា នៅរមណីយដ្ឋានធម្មជាតិម្លេច មានទូកចំនួនបួនគ្រឿង ហើយនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន មានភ្ញៀវជិះទូកច្រើន ដែលទាមទាឱ្យម្ចាស់រមណីយដ្ឋានត្រូវទៅរកទូកពីខាងក្រៅបន្ថែម។ ប៉ុន្តែលោកបានបញ្ជាក់ថា ចំពោះចំណូលប្រចាំថ្ងៃពីការបើកបរទូកដឹកភ្ញៀវនេះជាមធ្យម អាចរកចំណូលបានពី ៥ម៉ឺន ទៅ ៨ម៉ឺនរៀល។
បើតាមការបញ្ជាក់របស់អ្នកបើកបរទូកទេសចររូបនេះថា ក្នុងករណីពិសេស ពេលភ្ញៀវម្នាក់ ឬពីរនាក់ចង់ជិះទូកកម្សាន្តក៏ទូកគាត់ចេញទៅដែរ ប៉ុន្តែភ្ញៀវត្រូវបង់ថ្លៃទ្វេរដង បានន័យថាម្នាក់ ២ម៉ឺនរៀល ២នាក់ ៤ម៉ឺនរៀល ហើយទូកគេផ្សេងទៀត ក៏ធ្វើដូច្នេះដែរ ដើម្បីលើកស្ទួយតំបន់ម្លេចផង និងជីវភាពខ្លួនឯងផង៕
អត្ថបទ៖ AKP កំពត
0 Comments