ប្រជាពលរដ្ឋ និងម្ចាស់កន្លែងកម្សាន្តនានានៅតំបន់រមណីយដ្ឋានទំនប់ម្លេចបានលើកឡើងថា ក្រោយពេលមានការបើកប្រទេសឡើងវិញ កន្លែងសម្រាកកម្សាន្តជាច្រើននៅតំបន់រមណីយដ្ឋានទំនប់ម្លេចត្រូវបានកែលម្អ និងបង្កើតថ្មីប្លែកៗ។ ហើយជារៀងរាល់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន រមណីដ្ឋាននេះមានភ្ញៀវមកលេងកម្សាន្តច្រើនជាងមុន។
អ្នកស្រី មាស ចន្ថា ម្ចាស់កន្លែងសម្រាកលម្ហែ “បេះដូងម្លេច” បានប្រាប់ឱ្យដឹងថា កន្លែងកម្សាន្តរបស់អ្នកស្រីមិនទាន់ស្ថាបនារួចរាល់ទាំងស្រុងនៅឡើយទេ ប៉ុន្តែបានបើកទទួលភ្ញៀវទេសចរជាបណ្តើរៗ បានរយៈពេលជាងមួយខែមកហើយ។ កន្លែងរបស់អ្នកស្រីក៏មានសេវាស្នាក់នៅ អាហារដ្ឋាន ខ្ចុះអង្គុយលេងលើមាត់ទឹក ព្រមទាំងមានស្ពានឈើសម្រាប់ថតរូបទុកជាអនុស្សាវរីយ៍ជាដើម។
ចំណែកលោក ជួប តារា ជាអ្នកគ្រប់គ្រង់រមណីយដ្ឋានធម្មជាតិម្លេច ដែលជាទីកន្លែងសម្រាកកម្សាន្តបង្កើតដំបូងគេ និងមានឈ្មោះល្បីជាងគេនៅក្នុងតំបន់នោះ បានប្រាប់ឱ្យដឹងដែរថា ក្រោយពេលបើកប្រទេសឡើងវិញ សន្ទុះភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តនៅតំបន់រមណីយដ្ឋានទំនប់ម្លេចនេះ មានចំនួនច្រើនជាងមុន ព្រោះនៅតំបន់ទំនប់ម្លេចនេះមានកន្លែងដែលទើបតែបង្កើត និងកែលម្អថ្មីដ៏ទាក់ទាញមានច្រើន ចំណែកតម្លៃសេវាកម្មក៏សមរម្យ ដែលភ្ញៀវអាចទទួលយកបាន។
0 Comments