ថ្លែងក្នុងពិធីកាត់ឫស្សីមាព្រះវិហារវត្តអង្គចំប៉ី ស្ថិតនៅក្នុងឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតបានលើកឡើងថាៈ យើងមានថ្ងៃនេះ យើងមានឱកាសធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនា និងមានការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងទីអារាម គឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព ដែលសុខសន្តិភាពនេះគឺបានមកដោយសារការលះបង់សាច់ស្រស់ ឈាមស្រស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា បើយើងក្រឡេកមើលទៅអតិតកាល ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ត្រូវបានបំផ្លេចបំផ្លាញទាំងស្រុង ប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការគោរពប្រណិបត្តិសាសនា សិក្សារៀនសូត្រនោះឡើយ។ ម៉្យាងទៀត ទីវត្តអារាមដែលជាកន្លែងសម្រាប់ប្រជាពុទ្ធបរិស័ទ្ធគោរពប្រណិបត្តិ ត្រូវបានយកទៅធ្វើជាកន្លែងដាក់អ្នកទោស ឃ្លាំងដាក់សម្ភារៈជាដើម។
ហើយថ្ងៃនេះ យើងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ក៏ដោយសារតំលៃនៃសុខសន្តិភាព ដែលអាចឱ្យយើងមានឱកាសក្នុងការកសាង ធ្វើបុណ្យទានដោយមិនមានភាពភ័យខ្លាច និងពោពេញទៅដោយភាពសប្បាយរីករាយ។
ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានសាមគ្គីភាព ចេះយោគយល់អធ្យាស្រ័យ ពិសេសមេភូមិ មេឃុំ មេប៉ុស្តិ៍ទាំងអស់ត្រូវបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើ ធ្វើយ៉ាងណាកុំឱ្យមានភាពថ្នាំងថ្នាក់ពីសំណាក់ពួកគាត់។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងអាជ្ញាធរទាំងអស់ ត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព និងប្រឆាំងដាច់ខាតចំពោះជនអគតិទាំងអស់ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា៕
អត្ថបទ៖ AKP កំពត
0 Comments