ថ្លែងក្នុងវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងស្រុកកំពង់ត្រាច នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធិនិន អភិបាលខេត្តកំពតបានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋទាំងអស់គឺបានរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ហើយសុខសន្តិភាពនេះគឺបានដោយសារតែសម្តេចតេជោ ដែលលោកបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីយកមកជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
ឯកឧត្តមបានបន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាពនេះ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបានដាក់ចេញនូវយន្តការក្នុងការសម្របសម្រួលដោះស្រាយ បញ្ហា និងវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការឱ្យអាជ្ញាធរមូលដ្ឋានអនុវត្តន៍ ក្រោមយន្តការ ឈ្នះ ឈ្នះ ក៏ដូចជាសម្រួលដល់ការចំណាយផ្សេងៗផងដែរ។ ដូច្នេះ រាល់ការថ្នាំងថ្នាក់បន្តិចបន្តួចរបស់បងប្អូនក្នុងមូលដ្ឋាន សូមបងប្អូនទាំងអស់បើកបេះដូងឱ្យទូលាយស្តាប់ហេតុផល ទទួលស្គាល់ការពិត និងទទួលយកនូវការដោះស្រាយក្រៅប្រព័ន្ធតុលាការតាមយន្តការ ឈ្នះ ឈ្នះ ទាំងអស់គ្នា។
ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយលើកឡើងថា យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្ត ក្រោមយន្តការ ឈ្នះ ឈ្នេះ បានធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវភាពពិតប្រាកដ មានសុក្រិតយុត្តិធម៌ ព្រមទាំងទទួលយកបានទាំងសងខាងរវាងគូរទំនាស់។ ពលរដ្ឋបានបន្តថា ការចុះមកដោះស្រាយដល់មូលដ្ឋានផ្ទាល់បានធ្វើឱ្យពួកគាត់មានចិត្តសប្បាយរីករាយ និងមិនមានការចំណាយថវិកា ពេលវេលា ដើម្បីទៅដោះស្រាយនោះឡើយ។
សូមបញ្ជាក់ថា សម្រាប់ស្រុកកំពង់ត្រាច នេះជាលើកទី២ហើយដែលឯកឧត្តមអភិបាលខេត្តបានចុះមកដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ដោយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានដោះស្រាយសំណុំរឿងចំនួន២៥ ហើយពេលនេះមានសំណុំចំនួន ៣២ករណីដើម្បីដោះស្រាយបន្ត។ តាមការបញ្ចាក់របស់ឯកឧត្តមអភិបាលខេត្តកំពតបានឱ្យដឹងថា ឯកឧត្តម និងចុះដោះស្រាយរាល់វិវាទក្រៅប្រព័ន្ធតុលាការនេះនៅតាមមូលដ្ឋានឱ្យបានគ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តកំពត៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments