លោក សម កុសល ទីប្រឹក្សាបច្ចេកទេសនៃគម្រោងរំដោះទឹកភ្លៀង និងចម្រោះទឹកកខ្វក់នៅក្នុងខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្រុមការងារដាក់ប្រព័ន្ធលូក្រោមការត្រួតពិនិត្យផ្ទាល់របស់មន្ទីរជំនាញ បាននិងកំពុងមមាញឹកក្នុងការពន្លឿនការងារដាក់លូនៅតាមតំបន់ប្រឈមនានាក្នុងក្រុងប្រវែងសរុប៥គីឡូម៉ែត្រ។ ហើយបច្ចុប្បន្នការងារដាក់លូអក្សរអុយ និងលូមូលបានជាងពាក់កណ្តាលនៃផែនការ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ឱ្យបានមុនរដូវវស្សានាពេលខាងមុខ។
អ្នកជំនាញរូបនេះបានបញ្ជាក់ដែរថា ក្រោយពេលគម្រោងនេះសាងសង់រួចរាល់ ក្រុងកំពតនឹងលែងមានការជន់លិច ឬស្ទះទឹកដែលបង្ករឱ្យលេចផ្លូវដូចមុនទៀតហើយ។ ជាមួយគ្នានេះដែរ លោកក៏បានស្នើដល់ប្រជាពលរដ្ឋក្នុងក្រុង ក៏ដូចជាអាជីវករដែលរស់នៅតាមបណ្តោយផ្លូវដែលត្រូវដាក់ប្រព័ន្ធលូ សូមមានការយោគយល់ និងអាធ្យាស្រ័យចំពោះការរំខាន់អំឡុងពេលសាងសង់នេះផងដែរ។
បើតាមការបញ្ជាក់របស់អ្នកជំនាញថា ទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងកំពត នឹងត្រូវប្រមូលចូលស្ថានីយ៍បូមមេ ដែលបច្ចុប្បន្នការសង់ស្ទើររួចរាល់ ១០០%ហើយ បន្ទាប់មកទឹកកខ្វក់នឹងបញ្ជូនបន្តទៅអាងចម្រោះធំ ខណៈដែលទឹកភ្លៀងត្រូវបានបង្ហូរចេញតាមព្រែកជីកចូលទៅកាន់សមុទ្រដើម្បីបញ្ជៀសការជនលិចក្រុងរាល់ពេលមានភ្លៀងធ្លាក់៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments