ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមបណ្ឌិ ម៉ៅ ធនិន អភិបាលខេត្តកំពត ត្រូវបានទទួលស្គាល់ និងសារទរពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្ត។ ដែលទាំងនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសុខទុក្ខ ក្តីកង្វល់ របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋក៏ត្រូវមានភាពសុក្រិត យុត្តិធម៌ និងសច្ចធម៌ទៀងត្រង់ផងដែរ។
អភិបាលខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានធ្វើការស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តដែលមានវិវាទ ឬទំនាស់ទាំងអស់សូមប្រកាន់ភ្ជាប់នូវភាពសុក្រិត សច្ចធម៌ និងយុត្តិធម៌ ដើម្បីការដោះស្រាយវិវាទ ឬទំនាស់ក្រៅប្រព័ន្ធតុលាការទទួលបាននូវភាពយុត្តិធម៌ទាំងអស់គ្នា។ ការស្នើនេះបានធ្វើឡើងក្នុងវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត មេភូមិ មេឃុំ អភិបាលក្រុង-ស្រុកដែលពាក់ព័ន្ធ មន្ត្រីជំនាញ រួមនឹងប្រជាពលរដ្ឋដែលជាគូវិវាទ។
ក្នុងវេទិការដោះស្រាយនេះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបញ្ជាក់ថា ការដោះស្រាយវិវាទនាពេលនេះ គឺឯកឧត្តមបានយកនូវយន្តការពីរមកដោះស្រាយ គឺទី១.យន្តការច្បាប់ ដែលឯកឧត្តមប្រើប្រាស់ក្នុងនាមជាអ្នកអនុវត្តន៍ច្បាប់ ក្នុងនាមប្រធានគណៈកម្មការដោះស្រាយទំនាស់ ប្រសិនបើសំណុំរឿងអាចឈានរហូតដល់ពាក់ព័ន្ធនឹងបញ្ហាច្បាប់ ទី២គឺ យន្តការគ្រួសារ ដែលឯកឧត្តមនឹងដោះស្រាយជាលក្ខណៈគ្រួសារ ដែលមានឯកឧត្តមជាកូន ជាបង ជាប្អូន ក្នុងគ្រួសារនីមួយៗរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារក្នុងខេត្ត ដោយធ្វើការសម្របសម្រួលបញ្ចប់វិវាទដោយសន្តិវិធី និងទទួលយកបានទាំងអស់គ្នា ជៀសវាងការប្តឹងផ្តល់ឡើងទៅដល់តុលាការ។
សូមបញ្ចាក់ថាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត គិតមកទល់ពេលនេះមានចំនួនជាងមួយពាន់ករណីហើយ។ ហើយករណីដែលត្រូវបានដោះស្រាយញឹកញាប់គឺករណីទំនាស់ដីធ្លីដែលកើតឡើងរវាងពលរដ្ឋជាមួយក្រុមហ៊ុន ពលរដ្ឋ និងអាជ្ញាធរ ពលរដ្ឋ និងពលរដ្ឋ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទំនាស់ដីធ្លីរវាង ឪពុកម្តាយ និងកូនបង្កើត បងប្អូនបង្កើត និងសមាជិកក្នុងចំណោមក្រុមគ្រួសារជាដើម៕
អត្ថបទៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments