នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះពិនិត្យកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដើម្បីសិក្សាវាយតម្លៃលើកិច្ចការងារមួយចំនួន ដើម្បីឈានទៅដល់ការបើកឱ្យដំណើរកំពង់ផែទេសចរណ៍អន្តរជាតិឱ្យឆាប់រហ័ស។
បន្ទាប់ពីបានពិនិត្យសមិទ្ធផល នៃការសាងសង់ និងបានស្តាប់បទបង្ហាញរបស់មន្ត្រីជំនាញទទួលបន្ទុកការងារសាងសងកំពង់ផែរួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ មិនអាចទុកឱ្យនៅអូសបន្លាយយូរទៀតបាននោះទេ ត្រូវតែប្រញាប់ដាក់ដំណើរការឱ្យបានលឿនបំផុត ព្រោះបើខកខាន់ក្នុងការដាក់ឱ្យដំណើរការកាន់តែយូរ រដ្ឋកាន់តែខាតបង់ថវិកាច្រើន។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានណែនាំដល់មន្ត្រីក្រសួងជំនាញ និងពាក់ព័ន្ធ ត្រូវសិក្សាលម្អិត ហើយវាយតម្លៃឱ្យបានច្បាស់លាស់ ថាតើមានចំណុចខ្វះខាតអ្វីខ្លះ ត្រូវដាក់បន្ថែមចូលទៅក្នុងគម្រោងនេះ ដើម្បីឱ្យគម្រោងអាចដំណើរការបានប្រសើរ ត្រូវតាមស្តង់ដា ហើយអាចស្រូបទាញយកប្រាក់ចំណូលបានច្រើនចំផុត។
ឯកឧត្តឧបរដ្ឋមន្ត្រី ក៏បានស្នើដល់មន្ត្រីក្រសួងជំនាញ ពាក់ព័ន្ធ ត្រូវរៀបចំឯកសាដាក់ដេញថ្លៃវិនិយោគរវាងរដ្ឋ និងវិស័យឯកជនឱ្យបានរួចរាល់ឆាប់រហ័ស (មិនឱ្យលើសពី ៦ខែទេ) ដើម្បីឈានដល់ការបើកដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតជាផ្លូវការ។បើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យថានៅក្នុងគម្រោងរបស់ ADB មិនបានសិក្សាអំពីផ្លូវទឹកទេ ដែលជាកត្តាធ្វើឱ្យគម្រោងអភិវឌ្ឍន៍មួយនេះជួបបញ្ហាបច្ចេកទេសផ្លូវនាវាចូល ដែលតម្រូវឱ្យមានការបូមស្តារបន្ថែម ហើយត្រូវចំណាយថវិការជាច្រើនលានដុល្លាបន្ថែមទៀត ទើបអាចឱ្យនាវាដឹកអ្នកដំណើរធំៗ (Cruise Ship) ចូលចតបាន។
តាមរបាយការណ៍របស់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានផ្លូវទឹក និងកំពង់ផែ ដែលទទួលបន្ទុកសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានឱ្យដឹងថា កំពង់ផែមានប្រវែង ៣០០ម៉ែត្រ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតនៅក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្កកំពត បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បច្ចុប្បន្នបានសាងសង់រួចរាល់ដោយប្រើប្រាស់ថវិការសរុបអស់ជាង ១១លានដុល្លា។ កំពង់ផែនេះអាចឱ្យនាវាពីរប្រភេទចូលចតបានគឺ ហ្វឺរី (Ferry) និងស្ពីតបូត (Speed Boat) ដែលអាចផ្ទុកភ្ញៀវទេសចរក្រោម ២៥០នាក់៕អត្ថបទៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments