នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួលថវិការគោលនយោបាយជូនដល់គ្រួសារមន្ត្រីនគរបាលចំនួន ៨៦នាក់ ដែលមានទឹកប្រាក់សរុបចំនួន ៩៣៣.៤៤៧.៥០០៛ (ប្រាំបួនរយ សាមសិបបីលាន បួនរយសែសិបប្រាំពីរពាន់ ប្រាំរយរៀលគត់) ដែលក្នុងនោះរួមមាន: ថវិកាសម្រាប់ផ្តល់ជូនមន្ត្រីចូលនិវត្តន៍ចំនួន ៧២នាក់ ថវិកាសម្រាប់ផ្តល់ជូនមន្ត្រីនគរបាលមរណៈភាពចំនួន ០៣នាក់ រួមនឹងថវិកាសម្រាប់បូជាសព ថវិកាឧបត្ថម្ភមួយលើកដំបូង ចំនួន ០៣នាក់ ថវិកាសម្រាប់នគរបាលពិការចំនួន ១១នាក់។
មានមតិសំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក៏បានថ្លែងអំពរគុណដល់មន្ត្រីនគរបាលយើង ព្រមទាំងគោរពដឹងគុណចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់មន្ត្រីយើង ក្នុងការបំពេញភារកិច្ច ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តនាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តក ក៏ពាំនាំពាក្យផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាលដែលមានវត្តមានក្នុងពិធីនេះ។លោកឧត្តមសេនីយ៍ទោស្នងការបានបន្ថែមថា ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រចតែងតែគិតគូជានិច្ចនូវរាល់ការខ្វះខាត ការជួបទុក្ខលំបាករបស់បងប្អូនមន្ត្រីនគរបាលជាតិ ដោយចង្អុលបង្ហាញ និងតែងតែណែនាំដល់ថ្នាក់ដឹកនាំនគរបាលគ្រប់រាជធានី-ខេត្ត អោយយកចិត្តទុកដាក់ ពិសេសពិនិត្យជាប្រចាំពីជីវភាពរបស់មន្ត្រី ហើយត្រូវចូលរួមដោះស្រាយរាល់ទុក្ខលំបាកជូនពួកគាត់អោយបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានផ្តាំផ្ញើដល់មន្ត្រីនគរបាលដែលបានចូលនិវត្តន៍ ពិការ និងគ្រួសារមន្ត្រីដែលទទួលមរណៈភាព សូមបន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងត្រូវចេះអប់រំកូនចៅឱ្យជៀសផុតពីគ្រឿងញៀន និងការប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ រស់នៅស្អាត ហូបស្អាត និងបន្តចូលរួមអនុវត្តតាមវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីជៀសផុតពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នា៕
អត្ថបទៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments