Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋបាល​ខេត្តកំពត​កំណត់​រៀបចំ​ការប្រណាំង​ទូក​.​ង ខ្នាត​ប្រពៃណី​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​ឆ្នាំ​២០២២


 យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពត​បា​ន​ឱ្យដឹងថា ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នាពេលខាងមុខ រដ្ឋបាលខេត្ត​បានកំណត់​រៀបចំ​ពិធី​ប្រណាំងទូក​.​ង ខ្នាត​ប្រពៃណី ស្ថិត​លើ​ដងព្រែក​កំពង់បាយ​(​ព្រែក​កំពត​) នៅ​ថ្ងៃទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​ពិធី​បណ្តែត​ប្រទីប អកអំបុក សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខនេះ​។ ក្នុង​ពិធី​នេះដែរ​ក៏មាន​ការសម្តែង​សិល្បៈ តន្ត្រី​ប្រពៃណី និង​ការតាំង​ពិ​ព​រណ៍ភូមិ​១ ផលិតផល​១​ផងដែរ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បា​ន​ស្នើ​ដល់​មន្ត្រីរាជការ​សាលាខេត្ត តាម​បណ្តា​មន្ទីរ​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ចូលរួម សូម​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ដោយ​បុរស​ពាក់អាវ​អាចារ្យ ខោចែវ ហើយ​ស្ត្រី​ត្រូវ​ពាក់អាវ​ប៉ាក់ សំពត់​ចងខ្បិន ដើម្បី​ចួ​ល​រួម​ថែរក្សា​នូវ​តំលៃ​នៃ​វប្បធម៌​ប្រពៃណី​ខ្មែរ និង​ដើម្បី​បង្ហាញ​អំពី​វប្បធម៌​ខ្មែរ​ជូន​ដល់​ភ្ញៀវទេសចរ​បរទេស​ផងដែរ​។ 

ឯកឧត្តម​ក៏បាន​ស្នើ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ដែល​អញ្ជើញ​មក​ចូលរួម​ទស្សនា​ពិធី​ប្រណាំងទូក និង​ពិធី​បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ នាពេលខាងមុខ សូម​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន​ស្អាត​ទាំងអស់គ្នា​ផងដែរ​។​

សូម​បញ្ចា​ក់ថា ទូក​.​ង ខ្នាត​ប្រពៃណី​ដែល​នឹងត្រូវ​យកមក​ប្រកួត​មាន​ប្រវែង ១៩​ម៉ែត្រ ចំណុះ​អ្នក​អ៊ុ ២២​នាក់ ដែល​បច្ចុប្បន្ននេះ​ទូក​ទាំងអស់​កំពុង​រៀប​ចំ​លាប​ពណ៌ និង​រចនា​ក្បាច់ក្បូរ​តាម​ទម្រង់​ទូក​.​ង ប្រពៃណី​ខ្មែរ ហើយ​គ្រោង​ហាត់​សម​ក្នុង​ខែតុលា នេះ​លើ​ដងព្រែក​កំពង់បាយ​៕

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​


Post a Comment

0 Comments